(ខ្ញុំឃ្លាន)
រយៈពេលមួយខែបានកន្លងផុតទៅ របួសរបស់នួងក៏បានធូរស្បើយជាច្រើនហើយដែរ។ នេះជាពេលដែលអ្នកជម្ងឺធម្មតាត្រូវចេញពីពេទ្យហើយ តែនួងវិញនាងគ្មានទាំងសាច់ញាតិ គ្មានទាំងក្រុមគ្រួសារ តើនាងចេញពីពេទ្យហើយត្រូវទៅណាទៅ? ចំណែកឯថ្លៃព្យាបាល... នាងក៏ឆ្ងល់ដូចគ្នា តើថ្លៃព្យាបាលរបស់នាងបានមកពីណា? ហើយតើនរណាជាអ្នកចេញទៅ? តែវាអាចជាសំណាងរបស់នាងដែលនាងជួយចំកូនមហាសេដ្ឋី ហើយគ្រប់ការព្យាបាលនិងថ្លៃហូបចុកទាំងអស់របស់នាង គឺត្រូវបានឧបត្ថម្ភឲ្យទាំងស្រុងដោយ សែម សុគន្ធពិសិដ្ឋ កូនប្រុសទីមួយរបស់លោកឧកញ្ញ៉ា សែម សុគន្ធ។ នាវេលាព្រឹកព្រលឹម ថ្ងៃរះកំពស់ចុងឬស្សីទៅហើយ នារីសម្លឹងទៅអាហារដែលគិលានុបដ្ឋានបានយកមកឲ្យ។ ជាងមួយខែ ញ៉ាំអាហារនៅពេទ្យ ម្ហូបដដែលៗ រសជាតិដដែលៗ ធ្វើឲ្យនាងធមនឹងវា សូម្បីធមក្លិនក៏ឆ្អែតដែរ។ នាងតូចនួងសម្លឹងមើលទៅសារ៉ូមដែលនៅសល់មិនច្រើនប៉ុន្មាន នាងរង់ចាំរហូតទាល់តែវាជិតអស់ ហើយក៏ដកម្ជុលចេញពីដៃនាងតែម្តង។ ឈាមហូរចេញពីស្នាមម្ជុលនោះតិចៗ នាងតូចក៏យកសំឡីមកជូតចេញខ្លួនឯង ហើយយកបង់និងសំឡីបិតពីលើ។ នាងតូចនួងងើបដើរខ្លួនឯង ហើយឆែករកមើលសម្លៀកបំពាក់ដែលនាងពាក់កាលពីនាងត្រូវរបួសនោះ។ «បើតាមខ្ញុំចាំ ដូចជាមានលុយខ្លះដែរក្នុងហោប៉ៅអាវរបស់ខ្ញុំ...» នួងឧទានម្នាក់ឯងខណៈពេលកំពុងឆែកមើលក្នុងហោប៉ៅ។ នាងលូកចុះលូកឡើងស្ទើរគ្រប់ហោប៉ៅ នៅទីបំផុតក៏រកបានប្រហែល មួយម៉ឺនរៀល។ «ប៉ុណ្ណឹងក៏បានដែរ! បានគុយទាវមួយចានដែរតើ!» នាងតូចសប្បាយចិត្ត គ្រាន់តែគិតថាខ្លួនបានញ៉ាំគុយទាវមួយចានក៏ល្អ។ នាងតូចខានបានចេញទៅខាងក្រៅយូរហើយ ពេលនេះជាឱកាសរបស់នាងហើយ។ នួងដើរចេញមកខាងក្រៅ តែមុននឹងនាងចេញ «527» លេខបន្ទប់របស់នាងសម្រាកព្យាបាល នាងតូចទន្ទេញជាប់មាត់កុំឲ្យភ្លេច។ ពេលទៅដល់ខាងក្រោមទើបនាងដឹងថា មន្ទីរពេទ្យនេះធំប៉ុណ្ណា។ «វ៉ូវ ពិតជាថ្លៃណាស់ហើយមើលទៅ!» អ្វីដែលចូលមកក្នុងខួរក្បាលនាងដំបូងគេ គឺថ្លៃព្យាបាលនៅទីនេះ។ នាងតូចដើរមើលចុះមើលឡើងទាំងចិត្តស្ញើចសរសើរនឹងទីតាំងស្កឹមស្កៃ ជាមួយនឹងការរៀបចំដ៏ស្រស់ស្អាត។ ទម្រាំចេញមកដល់ខាងក្រៅ មិនដឹងថានាង«វ៉ូវៗ»ប៉ុន្មានដងនោះទេ។
នួងដើរចូលហាងគុយទាវមួយហើយហៅគុយទាវមួយចានមកហូប។ ខណៈពេលដែលកំពុងស្រូបក្លិនឆ្ងុយបំរុងនឹងដាក់ចូលមាត់ ស្រាប់តែឮសម្លេងមនុស្សហៅនាងពីក្រោយខ្នង «នែ នាងតូច»។ នួងដែលរៀងនឹងដាក់អាហារចូលមាត់ទៅហើយក៏បង្អង់បន្តិចរង់ចាំស្តាប់បន្ត តែមាននរណាហៅទៀតនាងក៏ប្រុងនឹងញ៉ាំម្តងទៀត ស្រាប់តែឮសម្លេងដដែលហៅមកនាង «នួង!»។ ពេលដែលមិនបានញ៉ាំដូចប្រាថ្នាបែបនេះធ្វើឲ្យនាងតូចម៉ួម៉ៅចិត្តក៏បែរទៅរកម្ចាស់សម្លេងនោះទាំងមុខឡើងក្រម៉ូវ។ «ពូជាអ្នកណាគេ? ហើយហេតុអីបានស្គាល់ឈ្មោះខ្ញុំ?» នួងសួរទៅបុរសដែលកំពុងឈរនៅពីមុខនាង។ ពិតមែនហើយ នោះគឺ ពិសិដ្ឋ លោកប្រុសធំផ្ទះសែម សុគន្ធ តែនួងបែរជាចាំគេមិនបាន បើទោះបីជាគេសង្ហារយ៉ាងណាក៏ដោយ មែនទេ? តែទោះជាយ៉ាងណា ពិសិដ្ឋ គេមិនចាស់ណាស់ណានោះទេ គេទើបតែអាយុ26ឆ្នាំប៉ុណ្ណោះ តែដោយសារតែនួងក្មេងពេក ទើបទម្លាប់មាត់ហៅគេ«ពូ»គ្រប់គ្នាបែបនេះ លើកលែងតែពិសាលមួយ។
បុរសដើរចូលទៅអង្គុយនៅកៅអីក្បែរនោះ ហើយបង្វែរមកទល់និងកៅអីរបស់នួរ ហើយសួរទៅនាង៖ " ហេតុអីបានជានាងចុះមកខាងក្រោម?" ក្នុងសម្លៀកបំពាក់ការិយាល័យអាវធំរបស់គេ ចូលមកហាងគុយទាវតាមចិញ្ចើមថ្នល់បែបនេះ មើលទៅដូចជាឆ្គងមិនសមទំនងសោះ។ តើមានមនុស្សអ្នកមានស៊ីវីល័យឯណាមកញ៉ាំអាហារតាមចិញ្ចើមថ្នល់បែបនេះ? ទោះបីយ៉ាងណា នាងតូចម្នាក់នេះមិនខ្វល់នោះទេ ថាគេជានរណា អ្វីដែលសំខាន់ក្នុងពេលនេះ គឺគេឃ្លាន៖ " ហេតុអីក៏ខ្ញុំមិនអាចចុះមកខាងក្រោម?"។ ឮបែបនោះពិសិដ្ឋ ប្រែទឹកមុខដូចជា what? ប៉ុន្តែគេមិនអាចនិយាយបាន ព្រោះដឹងនិស្ស័យក្មេងស្រីម្នាក់នេះ ថាដែកថែបម៉ាកVក៏រឹងមិនដល់នាងដែរ។ ពិសិដ្ឋ៖ " នេះនាងដើរលេងរហេតរហូតតាមតែចិត្តបែបនេះមែនទេ? មិនខ្លាចអ្នកដទៃគេបារម្ភទេ?"។ នួងតបទៅទាំងម៉ួម៉ៅ ព្រោះក្រពះកំពុងតែកូរខ្លាំង៖ " ហើយពូដឹងមកពីណាថាមានអ្នកបារម្ភពីខ្ញុំ? ខ្ញុំមិនដែលមានអ្នកណាផង! គ្មានឪពុកម្តាយ គ្មានសាច់ញាតិ គ្មានបងប្អូន គ្មានមិត្តភក្តិ។ តើខ្ញុំទៅណាមិនទៅណាមានអ្នកណាមកខ្វល់?!" និយាយដោយមិនទាក់សោះ! មិនសូម្បីតែគិតថាគេកំពុងតែនិយាយជាមួយនរណា ព្រោះនៅក្នុងចិត្តនាងគិតថា នាងពិតជាគ្មាននរណាម្នាក់ក្នុងជីវិតនោះទេ។ កើតមកត្រូវគេបោះបង់ចោល អ្វីគ្រប់យ៉ាង សូម្បីតែអ្នកដែលចិញ្ចឹមនាងមកតាំងពីតូចក៏ដាច់ចិត្តបោះបង់នាងចោលដែរ តើនៅមានអ្វីសេសសល់ទៀត? ពិសិដ្ឋ សម្លឹងមើលទៅនួងទាំងចងចិញ្ចើម ទោមនស្សនិងពាក្យសម្តីរបស់នាង តែយ៉ាងណា គេក៏សួរបន្ត៖ " ចុះមូលហេតុអ្វីបានជានាងចុះមកក្រោម?"។ នួងសម្លឹងទៅបុរស ហើយដកដង្ហើមធំ រួចទើបឆ្លើយតបវិញ៖ " ម្ហូបដដែលៗ ខ្ញុំចង់ញ៉ាំរបស់ផ្សេង! នៅខាងលើ ញ៉ាំមិនចូលទេ។"។ បុរសឱនខ្លួនមកមុខ ហើយក៏សួរបញ្ជាក់៖ " អញ្ចឹងនាងចុះមកគឺគ្រាន់តែចង់ញ៉ាំអាហារថ្មីៗទេមែនទេ?"។ នួងងក់ក្បាលហើយឆ្លើយទាំងរាបសារ «ចាស»។ លោកប្រុសធំ សែម ពិសិដ្ឋ មិនបង្អង់យូរក៏ចាប់ដៃនួងងើបឡើងដើរទៅខាងក្រៅ។ នាងតូចនួងឯនេះមិនដឹងសាច់ការក៏ស្រែកសួរ " នែ៎ ពូនាំខ្ញុំទៅណា?"។ ចំណែកឯពិសិដ្ឋគេមិនចង់និយាយច្រើនឥតបានការជាមួយក្មេងនេះទេ ក៏ឆ្លើយវិញទាំងកំបុត " ទៅញ៉ាំអី" រួចក៏បើកទ្វារឡានរុញនាងចូលទៅខាងក្នុងឲ្យអង្គុយនៅកៅអីខាងមុខក្បែរគេ។ បេះដូងនាងតូចលោតដុកដាក់ ក្បាលបែកញើសសស្រាក់ នាងមិនដឹងថាពេលនេះនាងកំពុងប្រឈមមុខនិងអ្វីទៀតហើយទេ ម្តេចក៏បុរសម្នាក់នេះរុញគេចូលទៅក្នុងឡានអញ្ចឹង? ឬក៏គេចង់ចាប់ជម្រិតនាង? ប៉ុន្តែនាងគ្មានអ្វីឲ្យគេចាប់ជម្រិតនោះទេ។ នាងតូចនួងក៏ស្រែកទៅកាន់បុរស ៖ " ខ្ញុំមិនដែលស្គាល់ពូទេ! ខ្ញុំមិនទៅជាមួយពូទេ!"។ បុរសដៃម្ខាងកាន់ដំបូលឡាន ម្ខាងកាន់កៅអីដែលនាងកំពុងអង្គុយ សម្លឹងមើលមកនាងក្នុងកែវភ្នែកមុតថ្លា ៖ " នាងចាំខ្ញុំមិនបានទេ? ខ្ញុំគឺជាបងប្រុសរបស់ ដាលីស ក្មេងស្រីដែលនាងចាប់ជម្រិតនោះអី!"។ ពេលឮបែបនេះ នួងក៏នឹកឃើញភ្លាម វាគឺជារឿងដែលនាងចង់បំភ្លេចចោល តែបែរជាគេចមិនផុតទៅវិញ។ ពេលនេះបងប្រុសរបស់ក្មេងស្រីនោះមកជួបគេ រករឿងគេទៀតហើយ។ តើគួរធ្វើយ៉ាងណាទៅ? ប៉ុន្តែយ៉ាងណា ក្នុងចិត្តមួយនាងគិតថា អ្វីគ្រប់យ៉ាងជាកំហុសរបស់នាងពិតមែន ហើយប្រសិនបើគេចង់ឲ្យនាងសងវិញ តាមក្តីយុត្តិធម៌ នាងក៏ប្រកែកមិនបានដូចគ្នា។ បុរសសង្ហារសម្តីអាក្រក់មិនចេះរ៉ូមែនទិក ពិសិដ្ឋ ដាក់ខ្សែក្រវ៉ាត់ឲ្យនារី ហើយក៏ឡើងឡានចេញទៅ។ ឯនាងតូចនួង ក៏លែងប្រកែកនិងគេទៀត។
នួង៖ " ខ្ញុំពុលឡាន"
ពិសិដ្ឋ សម្លឹងទៅនាង៖ " ថង់នៅក្រោយកៅអី!"
នួងបែរទៅពិសិដ្ឋកែវនេត្រាទាំងទ្វេរសម្លឹងចំគ្នា រង្វង់មុខដ៏ស្រស់ស្អាត ស្បែកដ៏ម៉ដ្ឋរលោង និងបបូរមាត់ដ៏ស៊ីជម្ពូរមានពន្លឺរបស់បុរស មើលឃើញហើយធ្វើឲ្យនាងតូចអៀនជាខ្លាំង ព្រោះគេមិនដែលជួបមនុស្សប្រុសណាស្អាតយ៉ាងនេះទេ ស្បែករបស់គេស្អាតជាងមនុស្សស្រីដែលខំលាបម្សៅឡេរាល់ថ្ងៃទៅទៀត។ ចំណែកឯបបូរមាត់របស់គេ ផ្គុំគ្នាយ៉ាងល្អឥតខ្ចោះ សូម្បីតែកូនក្មេងដូចជានាងក៏ពិបាកនិងបែរចេញធ្វើមិនឃើញដែរ គេពិបាកទប់អារម្មណ៍និងឲ្យញាប់ញ័រពេលនៅក្បែរសភាវៈដ៏ស្រស់ស្អាតបែបនេះណាស់។ មុខរបស់នាងតូចប្រែជាក្រហមនៅថ្ពាល់ទាំងសងខាងដោយមិនដឹងខ្លួន ហើយដង្ហើមរបស់នាងវិញព្យាយាមដកឲ្យដល់គ្នាដែរ ប៉ុន្តែនៅតែមិនអាចធ្វើខ្លួនធម្មតាបានខណៈដែលបេះដូងកំពុងតែលោតញ៉ាប់ទៅៗ។ មិនថាយ៉ាងនោះក្តី សមីខ្លួន ពិសិដ្ឋ បែរជាមិនចាប់អារម្មណ៍អ្វីបន្តិច គេក៏មិនដែលគិតថាខ្លួនរបស់គេស្អាតសង្ហាររហូតដល់ធ្វើឲ្យមនុស្សស្រីណាម្នាក់អៀននិយាយមិនចេញដែរ។ បុរសក៏បែរមុខចេញ ហើយជាន់ហ្គែរទៅមុខ។ រថយន្តក៏បរទៅដល់ភោជនីយដ្ឋានមួយដែលមានការតុបតែងយ៉ាងស្រស់ស្អាតរបៀបស្តង់ដារ មានទាំងធម្មជាតិចម្រុះដុះលម្អតាមផ្លូវចូលរហូតដល់មាត់ទ្វារ និងមានអ្នកបម្រើចាំបើកទ្វារទទួលស្វាគមន៍ចេញចូល។ អ្នកទាំងពីរចូលទៅខាងក្នុង តែនួងវិញភ្នែករេរទៅគ្រប់ទីកន្លែង សម្លឹងមើលអ្វីដែលថ្មីៗសម្រាប់នាងដែលជាក្មេងកំព្រាក្រីក្រមិនដែលស្គាល់ហាងទំនើបឬភោជនីយដ្ឋានឆ្ងាញ់ៗណាមួយឡើង ត្រឹមមួយឆ្នាំអ្នកគ្រូលោកគ្រូនាំដើរលេងម្តងនោះ នាងអរស្ទើរហោះទៅហើយ។ ពិសិដ្ឋ បានប្រាប់ទៅអ្នកទទួលភ្ញៀវហើយសុំកក់កន្លែងអង្គុយស៊េរីលើមួយសម្រាប់មនុស្សពីរនាក់។ នៅពេលដែលអ្នកបម្រើយកមីនុយមកដល់ នួងដែលមិនដែលបានញ៉ាំអីឆ្ងាញ់ៗអស់ពេលជាយូរមកហើយ ក៏ហៅយកៗតាមតែចិត្តចង់ព្រោះអាងថា ពិសិដ្ឋ ជាអ្នកប៉ាវ ហើយវាជាឱកាសទីមួយសម្រាប់នាងផងដែលអាចញ៉ាំអ្វីដែលនាងចង់ញ៉ាំបាន។ ក្រោយពីម្ហូបអាហារបានយកមកដល់ជិតម្ភៃមុខហើយ នារីសប្បាយចិត្តជាខ្លាំង ព្រោះពេលនេះបានញ៉ាំសុទ្ធតែអាហារថ្លៃៗឆ្ងាញ់ៗ។ ចំណែកឯពិសិដ្ឋវិញ ឱបដៃអង្គុយមើលនាងតូចពូកែញ៉ាំម្នាក់នេះ។ " ញ៉ាំឲ្យស្រួលបួល គ្មាននរណាមកដណ្តើមនាងទេ!" ពិសិដ្ឋនិយាយ។ នាងតូចនួងលូកអានេះផង លូកអានោះផង ដាក់ញ៉ាត់ពេញៗម៉ាត់ដូចជាឆ្ងាញ់សម្បើមណាស់។ រហូតដល់ពេលនាងញ៉ាំលែងចូល បុរសក៏និយាយបញ្ចើច៖ " ញ៉ាំឲ្យអស់ណា៎ ម្ហូបនៅសល់ច្រើនណាស់! ហើយសុទ្ធតែថ្លៃៗទាំងអស់"។ នាងតូចបែរមុខសម្លឹងបុរសម៉ក់ៗ ដូចជីងចក់សម្លឹងតុកកែ គួរឲ្យអាណិតមែន ព្រោះខ្លួនចង់ញ៉ាំឲ្យអស់ដែរ តែក្រពះទទួលលែងបាន។ នាងក៏នឹកឃើញវិធីមួយ។ នួង ហៅអ្នកបម្រើមក ហើយខ្សឹបប្រាប់។ ពិសិដ្ឋឃើញបែបនោះក៏ឆ្ងល់ដូចគ្នា ស្រាប់តែមួយត្របក់ក្រោយមក អ្នកបម្រើក៏យកថង់និងប្រអប់ជាច្រើនមក ខ្ចប់ម្ហូបអាហារទាំងនោះ។ នួងសម្លឹងទៅបុរសហើយញញឹមសប្បាយចិត្ត៖ " ខ្ញុំនឹងញ៉ាំឲ្យអស់ កុំបារម្ភអីពូ! ហិហិហិ"។ លោកប្រុសធំពិសិដ្ឋ តាំងពីដើមមកមិនដែលខ្ចប់អាហារសល់ទៅផ្ទះនោះទេ ជាពិសេសភោជនីយដ្ឋានល្បីៗដែលមានភ្ញៀវអង្គុយជុំវិញច្រើនបែបនេះ ការធ្វើបែបនេះដូចជាទះកំផ្លៀងគេមួយដៃកណ្តាលមុខអញ្ចឹង។ នរៈជ្រោកមុខបែរចេញ។ តែនួងវិញសប្បាយចិត្តជាខ្លាំងពេលបានអាហារឆ្ងាញ់ទៅញ៉ាំបន្តទៀត។
(តើអ្នកជម្ងឺខ្ញុំបាត់ទៅណា?)
នៅឯមន្ទីរពេទ្យឯណេះវិញ លោកគ្រូពេទ្យជេកសិនវេជ្ជបណ្ឌិតប្រចាំកាយដែលតែងតែពិនិត្យអាការៈឲ្យនួងជាប្រចាំ ក្រោយពេលដែលរួចដៃពីការវះកាត់រួចក៏ឆ្លៀតមកមើលនួង។ តែនៅពេលដែលគេចូលមកដល់បែរជាគ្មាននរណានៅក្នុងបន្ទប់សោះ។ ជេកសិន ស្រែកហៅ «នួង» ហើយដើរទៅមើលតាមគន្លុកគន្លាតក្រែងលោនាងអផ្សុកពេកកើតចិត្តចង់លែងបិទពួនជាមួយលោក។ ព្រោះរាល់ដងគឺបែបនេះ នាងតែងតែពញ្ញាក់លេងជាមួយជេកសិន នៅពេលដែលគេមកលាងរបួសឲ្យនាង។ មានគ្រូពេទ្យទំនេរជាច្រើន តែគេដែលជាវេជ្ជបណ្ឌិតបែរជាមកធ្វើការនេះដោយខ្លួនឯងទៅវិញ។ ក្មេងស្រីម្នាក់នេះត្រូវបានយកចិត្តទុកដាក់ជាងគេ តែគេតែងដោះសារថាមកពីគ្រូពេទ្យដទៃរវល់ពេក ឬអ្នកជម្ងឺច្រើនពេក ឬមកពីគេទំនេរពេក។ តែពេលនេះក្មេងស្រីតូចរបស់គេ មិននៅនឹងបន្ទប់ ទោះរកយ៉ាងណាក៏រកមិនឃើញ ធ្វើឲ្យបុរសបារម្ភជាខ្លាំង ហើយក៏បានឲ្យគេជួយរកមើលថែមទៀតនៅក្នុងមន្ទីរពេទ្យ។
(ជណ្តើរយន្ត)
នួងនិងពិសិដ្ឋមកដល់មន្ទីរពេទ្យល្មម។ នារីយួរថង់អាហារជាច្រើនដោយខ្លួនឯង ដោយមិនគិតថាស្មាខាងឆ្វេងរបស់នាងមានរបួសឡើយ។ ចំណែកឯពិសិដ្ឋក៏មិនបានចាប់ភ្លឹកពីរឿងនេះដូចគ្នា។ នាងតូចតម្រង់ទៅកាន់ជណ្តើរជើង ដោយសារនាងមិនចេះជិះជណ្តើរយន្តទេ មិនដឹងថាគេធ្វើយ៉ាងម៉េចឡើយ។ លោកប្រុសធំក៏ចាប់ទាញក៏អាវនួងមកវិញ៖ " ទៅណា?"។ បុរសដឹកដៃនួងចូលជណ្តើរយន្ត។ នួង៖ " ស្អីគេនេះ? ពូនាំក្នុងចូលក្នុងប្រអប់ហ្នឹងធ្វើអី?"។ ពិសិដ្ឋ៖ " នេះគេហៅជណ្តើរយន្ត យើងជិះវាឡើងទៅលើលឿនជាងដើរតាមជណ្តើរជើង"។ នួងធ្វើភ្នែកឡេងឡង់ អើតមើលទៅដៃបុរសចុចប៊ូតុងណាខ្លះ។ នាងតូចចង់ចេះចង់ដឹងច្រើន ហើយក៏មិនពិបាកបង្រៀនដែរ។
នួង៖" ពូ! គេចុចអាហ្នឹងធ្វើអី?"
ពិសិដ្ឋ៖ " ចុចឡើងតាមជាន់"
នួង៖ " ហើយចុះអារូបសញ្ញាព្រួញនោះ?"
ពិសិដ្ឋ៖ " គឺដើម្បីបិទបើក"
ពេលដែលជណ្តើរយន្តទៅដល់ជាន់ទី៣ ក៏បើកទ្វារព្រោះមានអ្នកបានចុច។ នួងឃើញជណ្តើរយន្តបើកទ្វារនាងក៏ប្រុងដើរចេញតែត្រូវបុរសចាប់ទាញចូលមកវិញ៖ " នៅមិនទាន់ដល់ទេ!"។ ទ្វារក៏បិទវិញ។ នារីឆ្ងល់ក៏សួរបន្ត៖
នួង៖ " ហេតុអីនៅសុខៗវាបើកទ្វារអញ្ចឹង?"
ពិសិដ្ឋ៖ " ពេលមនុស្សចុចគឺអញ្ចឹងហើយ!"
នួង៖ " តែអម្បាញ់មិញអត់មានមនុស្សចុចផងហ្នឹង?!"
ពិសិដ្ឋដកដង្ហើមធំ ហត់នឹងឆ្លើយនឹងសំណួរដ៏ច្រើនសន្ធឹកសន្ធាប់មិនចេះចប់មិនចេះហើយដូចជានាង។ បុរសក៏ដាច់ចិត្តនិយាយពាក្យប៉ុន្មានម៉ាត់... " ខ្ញុំមិនហត់នឹងធ្វើការ មិនហត់នឹងបើកឡាននោះទេ" ពិសិដ្ឋបែរទៅនួង " តែខ្ញុំហត់នឹងឆ្លើយសំនួរនាង"។ នួងពេបម៉ាត់បំប៉ោងមាត់សម្លក់ទៅបុរស ហើយឆ្លើយរអ៊ូម្នាក់ឯង៖ " គ្រាន់តែសួរសោះខុសដែរ!"។ នាងតូចឈប់សួរ ហើយឈរស្ងៀមម្នាក់ឯងវិញ។ មើលទៅមិនដូចនាងសោះ ក្មេងស្រីដែលពូកែឆ្ងល់ច្រើន មកសុភាពរាបសារបែបនេះ។ ឈរបានបន្តិច នួងក៏ចាប់ផ្តើមធេងធោងក្នុងខ្លួន មិនដឹងជាហេតុអី។ នារីរកកន្លែងទប់ខ្លួន ហើយក៏ទៅទ្រោបលើបុរស។ ពិសិដ្ឋ ចាប់នាងជាប់៖ " នាងកើតអីនឹង?"។ នួង ព្យាយាមងើបខ្លួនឈរវិញ ទាំងស្រដី៖ " មិនអីទេ! គ្រាន់តែរាងធេងធោងបន្តិច"។ ផ្ទុយទៅវិញបុរសបែរជាមិនជឿ ហើយនិយាយញ៉ោះទៅនាង៖ " មិនមែនទេ? ចង់ឱបខ្ញុំទេដឹង?"។ នួងគ្រវាសដៃបុរសចេញពីនាង ហើយតោងបន្កាន់ដៃជណ្តើរយន្តជំនួសវិញ។ នាងតូចកាន់តែវិលមុខទៅៗ តែក៏មិនត្រូវការជំនួយពីមនុស្សអត់បេះដូង គ្មានថ្លើម គ្មានប្រម៉ាត់ដូចបុរសម្នាក់នេះដែរ មនុស្សស្អី លង់នឹងខ្លួនឯង! នារីក៏បន្តទ្រាំម្នាក់ឯងទៀត។ រហូតដល់ពេលជណ្តើរយន្តឡើងដល់ជាន់ដែលនាងត្រូវទៅហើយ ទើបនាងប្រញាប់ដើរចេញទៅខាងក្រៅ ទាំងទប់ខ្លួនមិននឹងផង។ រូបភាពដែលនាងមើលឃើញកាន់តែស្រពិលឡើង នារីព្យាយាមដើរទៅមុខ ស្វែងរកបន្ទប់របស់នាង តែកម្លាំងរបស់នាងរត់ចេញពីខ្លួនអស់ហើយ ទើបធ្វើឲ្យនាងទន់ជង្គង់ដួល។ ជាសំណាងល្អ ពិសិដ្ឋបានរត់មកទប់នាងទាន់៖ " នួង! នួង!"។ ដូចកាលពីលើកមុន អ្នកដែលនាងឃើញចុងក្រោយគេមុនពេលដែលនាងបាត់បង់ស្មារតីតែងតែជាគេ។
(ប៉ាចិញ្ចឹម)
នារីសន្លប់បាត់បង់ស្មារតី។ ម្ហូបអាហារធ្លាក់រប៉ាយពេញឥដ្ឋ តែពេលនេះមាននរណាទៅខ្វល់ពីរឿងញ៉ាំទៀតនោះ? ពិសិដ្ឋលើកបីនួង ហើយប្រញាប់ហៅជំនួយពីគ្រូពេទ្យ។ នរៈយកនាងមកក្នុងបន្ទប់សម្រាកព្យាបាលរបស់នាងវិញ ដែលមានវេជ្ជបណ្ឌិតជេកសិនកំពុងចាំនៅទីនោះ។ ពេលដែលបានឃើញនួងក្នុងសភាពបែបនោះ គេភ្ញាក់ផ្អើលជាខ្លាំង។ " មានរឿងអី?" ជេកសិន សួរនាំទាំងខឹងសម្បារទៅពិសិដ្ឋ។ " គឺនាងសន្លប់" ពិសិដ្ឋនិយាយ។ គេដាក់នាងសម្រាកនៅលើគ្រែ ហើយវេជ្ជបណ្ឌិតក៏ពិនិត្យអាការៈឲ្យនាង។
ជេកសិន៖ " លោកឃើញនាងនៅឯណា?"
ពិសិដ្ឋ៖ " គឺ នាងចេញទៅក្រៅរកអីញ៉ាំ ខ្ញុំក៏នាំនាងទៅញ៉ាំអីនៅភោជនីយដ្ឋានមួយ"
ជេកសិន៖ " ភោជនីយដ្ឋាន?! លោកបានឲ្យនាងញ៉ាំអីខ្លះ?"
ពិសិដ្ឋ៖ " នាងញ៉ាំច្រើនណាស់ ម្ហូបជាងម្ភៃមុខ ខ្ញុំចាំមិនអស់ទេ!"
ជេកសិន ដកដង្ហើមធំសម្លឹងទៅនួង៖ " ម្ហូបនៅមន្ទីរពេទ្យពិបាកញ៉ាំពេកអ្ហេស៎ បានជានាងតូចនេះទៅលួចញ៉ាំនៅខាងក្រៅបែបនេះ?"
ពិសិដ្ឋ៖ " សម្រេចថានាងកើតអី គ្រូពេទ្យ?"
ជេកសិនសម្លឹងទៅពិសិដ្ឋទាំងទោមនស្សចិត្ត៖ " លោកដែរឃើញអ្នកជម្ងឺទើបតែវះកាត់ហើយ ញ៉ាំអាហារបានគ្រប់ប្រភេទដែរទេ?"
(កូនចិញ្ចឹម)
ក្រោយពេលបានដឹងអាការៈនាងហើយ វាក៏ជាតួនាទីធ្លាក់មកក្នុងដៃគ្រូពេទ្យម្តងទៀត។ ប៉ុន្មានម៉ោងក្រោយមក នួងក៏នៅមិនទាន់ដឹងខ្លួន។ វេជ្ជបណ្ឌិតជេកសិន អង្គុយក្បែរគ្រែរបស់នួង។ បុរសយកដៃអង្អែលសក់ខ្មៅរលើបរបស់នួង ហើយនិយាយលួងនាងតិចៗ «កុំកើតអីណា៎! ចង់ញ៉ាំអីអាចប្រាប់ខ្ញុំបាន មិនបាច់លួចទៅញ៉ាំខាងក្រៅទៀតទេ ក្មេងតូច!»។ ទ្វារបន្ទប់ក៏បើកឡើង នាំទាំងលោកគ្រូពេទ្យកម្លោះរូបសង្ហារម្នាក់ចូលមកផង។
ជេកសិន៖ " អូ! មកដល់ហើយ ពិសាល! យ៉ាងម៉េចហើយរឿងដែលលោកគ្រូពឹងនោះ?"
ពិសាល៖ " លោកគ្រូ! តើលោកគ្រូពិតជាចង់ទទួលនាងយកទៅចិញ្ចឹមមែនអ្ហេស៎?"
ជេកសិន៖ " ចុះឯងគិតថាលោកគ្រូចិញ្ចឹមនាងមិនរស់មែនទេ?"
ពិសាល៖ " ខ្ញុំមិនមែនមានន័យអញ្ចឹងទេ លោកគ្រូ! គ្រាន់តែថា..."
ជេកសិន៖ " គ្រាន់តែថាយ៉ាងម៉េច?"
ពិសាល៖ " លោកគ្រូ! តើហេតុអីបានជាលោកគ្រូសម្រេចចិត្តបែបនេះ?"
វេជ្ជបណ្ឌិតជេកសិន សម្លឹងទៅក្មេងស្រីអាយុ១៥ឆ្នាំដែលកំពុងគេងលក់នៅលើគ្រែនេះ។ បុរសយកដៃអង្អែសសក់របស់នាង ហើយនិយាយទៅកាន់ពិសាល៖« នាងគួរឲ្យអាណិតណាស់! ឯងគិតថា ក្រោយពីត្រូវដេញចេញពីមណ្ឌលហើយជីវិតរបស់នាងនឹងទៅជាយ៉ាងណា?»។ និយាយដល់ឃ្លានេះ គេក៏នឹកទៅដល់សម្តីរបស់នាងតូច នៅពេលដែលគេបានសួរសំណួរបែបនេះទៅនាង ហើយចម្លើយរបស់នាងនោះគឺ «...ដើរសុំទានទេដឹង! ហិហិ...»។ នរៈញញឹម ហើយស្រដីបន្ត៖ «ឯងដាច់ចិត្តឃើញក្មេងស្រីគួរឲ្យស្រលាញ់បែបនេះដើរសុំទានដែរអ្ហេស៎?»។ វេជ្ជបណ្ឌិតរូបសង្ហារបែរទៅកាន់គ្រូពេទ្យកម្លោះវ័យក្មេងវិញ៖ " បើគ្មាននរណាត្រូវការនាង ខ្ញុំត្រូវការនាង។ គ្មាននរណាទទួលនាងយកទៅចិញ្ចឹម ទុកឲ្យខ្ញុំទទួលនាង"។ ជាការពិត ពិសាលបានស្វែងរក និងសួរនាំដូចគ្នាប្រសិនបើមាននរណាទទួលក្មេងស្រីកំព្រាម្នាក់នេះទៅចិញ្ចឹម ព្រោះគេដឹងថា បើផុតពីនាងព្យាបាលរបួសនេះជាហើយ នាងនឹងក្លាយជាមនុស្សតែលតោល ព្រោះខាងមណ្ឌលក៏បានលុបឈ្មោះនាងចោលដូចគ្នា។ ចំណែកឯសប្បុរសជនដែលចង់ទទួលក្មេងទៅចិញ្ចឹមវិញ ក្រោយពីបានដឹងប្រវត្តិនាងធ្លាប់ចូលដៃជាមួយឧក្រិដ្ឋជន ប្រព្រឹត្តអំពើខុសច្បាប់ក៏គ្មាននរណាហ៊ានយកនាងទៅចិញ្ចឹមដូចគ្នា។ ពេលនេះ គឺមានតែវេជ្ជបណ្ឌិត ជេកសិន វ័ង ម្នាក់គត់ដែលទទួលយកនាង។
(នាងនឹងមានម្ហូបឆ្ងាញ់ៗ)
ពេលដែលនួងភ្ញាក់ឡើង មេឃងងឹតទៅហើយ។ នារីយកដៃច្រត់ក្បាល ហើយរអ៊ូ «ដូចជារាងឈឺក្បាល»។ នាងសម្លឹងមើលទៅបង្អួច ឃើញថា មេឃងងឹតបាត់ទៅហើយ មិនដឹងម៉ោងប៉ុន្មានឡើយ ទើបនាងទាញនាឡិកានៅលើតុក្បែរនាងយកមកមើល។ ម៉ោង៩យប់ទៅហើយ តើនាងបានគេងលក់ប៉ុន្មានម៉ោងទៅហើយ? នារីយកដៃតប់ក្បាលខ្លួនឯងតិចៗ ប៉ុន្តែក៏រំញោចដល់របួស ធ្វើឲ្យនាងលាន់ម៉ាត់ស្រែក «អូយ!»។ នារីក្រឡេកភ្នែកឃើញថាសដាក់ម្ហូបអាហារសម្រាប់នាង មិនបង្អង់យូរ នាងក៏រូតរះបើកគម្របមើល។ លើកនេះ មុខម្ហូបមិនដូចរាល់ដងនោះទេ គ្រប់មុខសុទ្ធតែគួរឲ្យចង់ញ៉ាំទាំងអស់។ នួងគិតក្នុងចិត្ត៖«ពិតជាចម្លែកមែន! ខាងមន្ទីរពេទ្យដូរមុខម្ហូបហើយមែនទេ?»។ ដោយសារតែពេលល្ងាចឃា្លនផង នារីមិនគិតច្រើនក៏ចាប់ផ្តើមញ៉ាំយកតែម្តង។ ពេលដែលនាងញ៉ាំ ស្រាប់តែមានមនុស្សដើរចូលមក មិនមែននរណាផ្សេងទេ គឺវេជ្ជបណ្ឌិតជេកសិននោះហើយ។ បុរសដើរមកអង្គុយនៅលើគ្រែជាមួយនួង ហើយនិយាយ៖ " មិនដឹងជានរណាទេ លួចទៅញ៉ាំអីនៅខាងក្រៅមិនចេះគិត ហើយមកវិញសន្លប់តាមផ្លូវទៀត!"។ នួងដាក់ស្លាបព្រាចុះ ហើយនិយាយតបទៅគ្រូពេទ្យ៖ " លោកគ្រូពេទ្យ! មកពីម្ហូបនៅទីនេះមិនសូវឆ្ងាញ់ តើឲ្យខ្ញុំធ្វើយ៉ាងណាទៅ?"។
ជេកសិន៖ " បើមិនឆ្ងាញ់ ចាំខ្ញុំឲ្យគេធ្វើម្ហូបឲ្យ!"
នួងឮបែបនោះ ភ្ញាក់ផ្អើល គេមិនដែលដឹងថាគ្រូពេទ្យម្នាក់នេះចិត្តល្អបែបនេះសោះ តើគាត់ចេះធ្វើម្ហូបដែរទេ? នួងមិនយល់ពីសម្តីរបស់វេជ្ជបណ្ឌិតរូបនេះឡើយ ឬមួយប្រហែលនាងស្តាប់ច្រឡំ ឬក៏គេគ្រាន់តែនិយាយលេង។ ជេកសិន កាលបានឃើញទឹកមុខនួងបែបនេះ ក៏ដល់ពេលគេនិយាយបន្តទៀត។ បុរសសម្លឹងទៅនាងដោយទឹកមុខប្រាកដប្រជា៖
ជេកសិន៖ " ចាប់ពីពេលនេះទៅ អាចញ៉ាំម្ហូបឆ្ងាញ់ៗបានហើយ! នាងនឹងមានផ្ទះដូចជាក្មេងដទៃ! នឹងមានមិត្តភក្តិ ... នឹង មានលោកប៉ាដូចជាក្មេងផ្សេងទៀតដែរ"
នារីតូចសម្លឹងទៅគ្រូពេទ្យវ័យច្រើនតែរូបសង្ហារមិនដាក់ភ្នែក ដោយភ្ញាក់ផ្អើល។ តើគាត់មានន័យថាយ៉ាងម៉េច? មានផ្ទះ? នាងមិនដែលមានផ្ទះទាល់តែសោះ។ មានមិត្តភក្តិ? ហឹស រឹតតែមិនអាចទៅរួច ព្រោះគ្មាននរណាចង់ធ្វើជាមិត្តរបស់នាងឡើយ។ មានប៉ា? នេះគឺជាសំណួរដ៏ធំ តើនរណានឹងធ្វើជាប៉ារបស់នាង បើនាងជាក្មេងកំព្រាបែបនេះ? នាងមិនដែលទាំងបានឃើញមុខឪពុកម្តាយបង្កើតរបស់នាងទាល់តែសោះ។ ដំណឹងល្អដែលនាងធ្លាប់ចង់បាន ប៉ុន្តែមិនហ៊ានប្រាថ្នា ព្រោះគិតថានាងមានម្តាយម្នាក់ដែលចិញ្ចឹមនាង និងស្រលាញ់នាងដូចជាកូនទៅហើយ។ តើត្រូវបានគេយកទៅចិញ្ចឹមធ្វើអ្វីទៀត? តែពេលនេះ ស្រាប់តែសុបិនដែលធ្លាប់បានបំភ្លេចចោលចូលមកលងបន្លាចក្នុងជីវិតនាងវិញ ប៉ុន្តែខុសពីអារម្មណ៍ខ្លាច បែរជាត្រេកអរនឹងរំភើបទៅវិញ។ វេជ្ជបណ្ឌិតជេកសិន បន្ត៖
ជេកសិន៖ " នួង! ធ្វើជាកូនស្រីចិញ្ចឹមរបស់ខ្ញុំទៅ!"
ពេលបានឮពាក្យនេះ ដង្ហើមរបស់នួងស្ទើរតែលែងដកទៅហើយ! គ្រូពេទ្យម្នាក់នេះមែនទេ ដែលនឹងក្លាយទៅជាប៉ាចិញ្ចឹមរបស់នាង? កូនស្រីចិញ្ចឹមរបស់វេជ្ជបណ្ឌិតដែលមានឈ្មោះល្បីបែបនេះមែនទេ? នាងយល់សប្តិទេដឹង? មានក្មេងកំព្រាប៉ុន្មាននាក់ដែលប្រាថ្នាចង់បានឪពុកម្តាយចិញ្ចឹមជាអ្នកមានឋានៈ មានកេរ្តិ៍ឈ្មោះបែបនេះ? មិនតែប៉ុណ្ណោះថែមទាំងជាគ្រូពេទ្យថែមទៀត! នាងតូចនួងស្ទើរតែមិនជឿត្រចៀករបស់គេឡើយ។
នួងឆ្លើយតបទាំងរដាក់រដុប៖ " លោក...គ្រូពេទ្យ... ទទួលខ្ញុំជាកូនចិញ្ចឹមមែនទេ?"
វេជ្ជបណ្ឌិតជេកសិនតប៖ " ពិតមែនហើយ! កូនស្រីរបស់ខ្ញុំបានស្លាប់ទៅជាងដប់ឆ្នាំទៅហើយ! បើនាងនៅរស់ពេលនេះ នាងក៏មានអាយុប្រហែលនឹងនាងតូចឯងដែរ។ បើមិន... បើមិនប្រកែកទេ នាងតូចធ្វើជាកូនស្រីរបស់ខ្ញុំបានទេ? ហ៊ឹស?"
នារីតូចរំភើបឡើងធ្លាក់ស្លាបព្រាពីដៃ។ អារម្មណ៍របស់នាងភ័ន្តភាំងគាំងរកនិយាយអ្វីមិនត្រូវនោះទេ! ក្នុងខួរក្បាលដែលធ្លាប់តែមានពាក្យរសាត់អណ្តែតជាច្រើន ពេលនេះបែរជាទទេរស្អាត គ្មានពាក្យណាមួយលេចចេញជារូបរាងឲ្យនាងនិយាយចេញបាននោះទេ។ លោកវេជ្ជបណ្ឌិតម្នាក់នេះកំពុងសុំនាងធ្វើជាកូន? កែវភ្នែកទាំងគូររបស់នារីតូច បែរសម្លឹងទៅបុរសមិនព្រិច នាងមិនចង់ជឿនូវអ្វីដែលនាងបានឃើញនោះទេ! «បើមិនឆ្លើយ អញ្ចឹងខ្ញុំចាត់ទុកថា យល់ព្រម ហើយណា៎» ជេកសិន និយាយទៅកាន់នួង ប៉ុន្តែគេក៏បានឃើញថា នៅចំពោះមុខគេដែលក្មេងស្រីដែលគ្មានប្រតិកម្មអីម្នាក់នេះ ការពិតនាងកំពុងតែរលីងរលោងទឹកភ្នែក ទោះបីជានាងមិននិយាយមិនស្តីចេញមកក្រៅក៏ដោយ ប៉ុន្តែក្នុងចិត្តរបស់នាងគឺរំភើបជាខ្លាំងតែបែរជាគ្មានប្រតិកម្មអ្វីចេញមកខាងក្រៅបន្តិចសោះ។ នៅក្នុងខ្លួនក្មេងស្រីអាយុ១៥ឆ្នាំម្នាក់នេះ អាចលាក់អារម្មណ៍និងប្រតិកម្មអារម្មណ៍របស់នាងពីមនុស្សផ្សេងបាន ពិតជាមនុស្សដែលពូកែលាក់អារម្មណ៍ខ្លាំងមែនទែន។ តែសំណាងល្អ ជេកសិន ជាមនុស្សក្រៅពីជាមនុស្សដែលពូកែវិភាគវែកញែកតាមហេតុផលហើយ គេក៏ជាមនុស្សដែលមានភាពវ័យឆ្លាតផ្នែកអារម្មណ៍ដូចគ្នា។ ពេលដែលបានជួបក្មេងស្រីម្នាក់នេះគេក៏អាចប្រាប់បានថា នាងជាក្មេងម្នាក់ដែលពិបាកស្វែងយល់ ព្រោះការលាក់ខ្លួននៅក្នុងសម្បកខ្លួនរបស់នាង គឺការលាក់អារម្មណ៍ លាក់ការគិតពិតប្រាកដរបស់នាងពីមនុស្សជុំវិញខ្លួន ហើយមិនអនុញ្ញាតឲ្យនរណាចូលមកក្នុងរង្វង់សុវត្ថិភាពរបស់នាងបានឡើយ។ ប្រហែលនាងធ្វើបែបនេះក្នុងបំណងមួយដើម្បីការពារខ្លួនរបស់នាងប៉ុណ្ណោះ ព្រោះនាងនឹងមិនឆាប់ជឿនរណាងាយៗ ហើយក៏នឹងមិនត្រូវនរណាម្នាក់បោកប្រាសនាង។ តែការប្រយ័ត្នខ្លាំងបែបនេះ ក៏អាចក្លាយជាចំណុចខ្សោយ។ បុរសញញឹម ហើយដោយមិនចាំយូរព្រោះគេដឹងថា បើរំពឹងការប្រតិកម្មអារម្មណ៍តបពីក្មេងស្រីម្នាក់នេះ គឺគ្មានថ្ងៃឡើយ ទោះបីជាពួកគេបានស្គាល់គ្នាជាងមួយខែហើយក៏ដោយ។ បុរសក៏ឈោងដៃទៅអង្អែលក្បាលរបស់នាង ហើយនិយាយ៖ " បើមិនចង់បង្ហាញក៏មិនអីដែរ ខ្ញុំមិនថាអីទេ! រឿងមួយចំនួនត្រូវការពេលវេលា"។ ចំណែកនាងតូច ទឹកភ្នែកក៏ស្រក់មកបន្តកាន់តែច្រើន តែនាងមិនដឹងមកពីហេតុអ្វីនោះទេ ដឹងត្រឹមតែវាហូរមកទៀតហើយ។
﹏♥ « « « ❀ » » » ✿ « « « §❀§ » » » ✿ « « « ❀ » » » ♥﹏