Cherreads

Chapter 13 - សែន ស៊ីវីល័យ

... ក្រោយពីការសន្ទនាយ៉ាងស្អិតរមួតរវាងគូស្នេហ៍ទាំងពីរហើយ ពួកគេក៏អាចមានអារម្មណ៍ថា កក់ក្តៅ។ សាយភីន យកទូរសព្ទ័មកអោបជាប់នឹងទ្រូងដោយស្នាមញញឹមមិនរីងស្ងួត។

ពិសិដ្ឋ ទោះបីជាមនុស្សមិនចេះសម្តីផ្អែមជាមួយនរណា ប៉ុន្តែសម្រាប់សង្សារគេវិញ ទឹកឃ្មុំសុំខ្មាសថាផ្អែមខាស់មិនដល់គេទេ។ ក្រោយពីលើកទូរស័ព្ទចប់បុរសក៏ចុចខលទៅមិត្តភក្តិគេម្នាក់ទៀត។ «ហេឡូ ស៊ីវីល័យ! ឯងទំនេរទេ?»ពិសិដ្ឋនិយាយ។ បុរសជាមិត្ត៖ «តាំងពីដើមមក យើងដែលមិនទំនេរសម្រាប់ឯងទេ?»។ អ្នកទាំងពីរក៏ចេញទៅក្រៅជាមួយគ្នានៅស្កាយបាមួយកន្លែង។ ពេលដែលពិសិដ្ឋទៅដល់ ស៊ីវីវ័យ ជាមិត្តបានកំពុងអង្គុយចាំរួចទៅហើយ។ បុរសញញឹមពីចម្ងាយ ព្រោះមានមិត្តភក្តិដ៏ស្ម័គ្រស្មោះរង់ចាំគេពិភាក្សារឿងផ្លូវចិត្តគ្រប់យ៉ាង។ អ្នកទាំងពីរចាប់ផ្តើមនិយាយគ្នាបន្ទាប់ពីធ្វើការកម្ម៉ង់រួច។ ពិសិដ្ឋ អង្គុយយកដៃច្រត់ក្បាលសម្លឹងទៅស៊ីវីល័យ ហើយនិយាយ៖ " តើនៅក្នុងជីវិតយើង អាចមានមិត្តភក្តិប៉ុន្មាននាក់ដូចជាឯងទៅ ស៊ីវីល័យ?"។ ពិតមែនហើយ ពួកគេគឺជាមិត្តភក្តិនិងគ្នាតាំងពីវិទ្យាល័យមកម្ល៉េះ។ ស៊ីវីល័យ ជាមិត្តភក្តិតែម្នាក់ដែលតែងតែនៅក្បែរគេ ហើយជួយគាំទ្រនិងលើកទឹកចិត្តគេគ្រប់ពេល។ រហូតដល់ពេលដែលគេទៅរៀននៅក្រៅប្រទេស ក៏ស៊ីវីល័យគេបានទៅរៀនជាមួយដែរ អ្នកទាំងពីរស្គាល់ចិត្តគ្នាច្បាស់ជាងបងប្អូនបង្កើតទៅទៀត។ ស៊ីវីល័យ គេក៏​មិនខុសពីឈ្មោះរបស់គេប៉ុន្មានដែរ។ នាយជាមនុស្សស៊ីវីល័យ ចូលចិត្តអ្វីថ្មីៗ ទាំងការរៀបចំខ្លួន ទាំងការប្រើប្រាស់សម្ភារៈផ្សេងៗ ហើយពេលនេះ គេក៏ជាម្ចាស់ហាងជំនួញមួយផ្ទាល់ខ្លួនផងដែរ។

ពិសិដ្ឋ សម្លឹងទៅគេទាំងកែវភ្នែកស្រទន់​ ធ្វើឲ្យស៊ីវីល័យគេឡើងទន់ខ្លួនទៅហើយ។ មិត្តភក្តិរបស់គេស្អាតយ៉ាងនេះ ហើយបែរជាមកសម្លឹងមើលគេក្នុងក្រសែភ្នែកបែបនេះ បើសិនគេជាមនុស្សស្រីវិញ គេប្រហែលជាបាក់ស្រិបលើបុរសម្នាក់នេះទៅហើយ។​ ស៊ីវីល័យ​ ស្រដីទៅពិសិដ្ឋ៖ " បានហើយ ឈប់សម្លឹងយើងបែបនេះទៅ! ឯងធ្វើឲ្យបេះដូងយើងរលាយដូចទានហើយ"។ ពិសិដ្ឋ ញញឹមហើយនៅតែបន្តសម្លឹងទៅមិត្ត ហើយញញឹម៖ " បើសិនឯងជាមនុស្សស្រី ឯងនឹងស្រលាញ់យើងមែនទេ?"។ ពេលដែលឮសម្តីបែបនេះ ស៊ីវីល័យនិយាយលែងចេញ ហេតុអីនៅសុខៗមិត្តភក្តិរបស់គេក្លាយជាបែបនេះ? ពេលនោះ អាហារកម្ម៉ង់ក៏បានមកដល់រួមទាំងភេសជ្ជៈផងដែរ។ បុរសលើកក្រេបភេសជ្ជៈសិន ហើយកែវភ្នែករបស់គេនៅតែបន្តសម្លឹងទៅពិសិដ្ឋ រួចទើបស្រដី៖ " លោកប្រុសធំ សែម ពិសិដ្ឋ ថ្ងៃនេះ ប្រហែលជាឆ្កួតហើយ!"។ ឮបែបនេះ ពិសិដ្ឋ ក៏ផ្ទុះសំណើច គេលើកយកភេសជ្ជៈមកញ៉ាំដែរ។ កែវភ្នែកដ៏ទន់ភ្លន់របស់គេ នៅតែមមើលមមាយគិតទៅអ្វីមួយដែលគេមិននិយាយចេញ។ ស៊ីវីល័យមិនអស់ចិត្តនិងអប្បករិយារបស់មិត្តខ្លួន ក៏សួរ៖ " ឯងកើតអីពិសិដ្ឋ? និយាយអីប្លែកៗ ហើយអង្គុយញញឹមម្នាក់ឯងដូចមនុស្សឆ្កួត!"។ ពិសិដ្ឋ សម្លឹងទៅមិត្តហើយស្រដី៖ " យើងយល់សប្តិឃើញមនុស្សស្រីម្នាក់ ប៉ុន្មានយប់ជាប់គ្នា...!" ស៊ីវីល័យសួរកាត់៖ " សាយភីនមែនទេ??"។ ពិសិដ្ឋគ្រវីក្បាល៖ " មិនមែនទេ!" បុរសដកដង្ហើមធំ ," ហេតុអីក៏មិនមែនជា សាយភីន ? ដូច្នេះខ្ញុំនឹងមិនមានអារម្មណ៍ថាខុស"។ ស៊ីវីល័យ ធុញទ្រាន់នឹងការនិយាយគ្មានទិសដៅរបស់ពិសិដ្ឋខ្លាំងពេក គេក៏និយាយ៖ " ពិសិដ្ឋ! ឯងជាមនុស្សចូលចិត្តឈ្នះ យើងមិនថាអីទេ! ឯងចង់ឈ្នះ វង្ស សុវណ្ណឫទ្ធី យើងក៏មិនថាអីដែរ! តែដែលឯងយកបេះដូងមនុស្សស្រីមកភ្នាល់គ្នាបែបនេះ វាអយុត្តិធម៌សម្រាប់នាងពេកហើយ។ ហើយពេលនេះឯងបែរជាមកចាប់អារម្មណ៍ស្រីផ្សេង យើងពិបាកនៅខាងឯងបន្តិចហើយ!"។ ពិសិដ្ឋ៖ " បើឯងមិននៅខាងយើង ឯងចង់ទៅនៅខាងវាមែនទេ?"។ ស៊ីវីល័យ មើលទៅមិត្ត គេដឹងចរិតមិត្តគេច្បាស់ណាស់។ លោកប្រុសធំ សែម សុគន្ធពិសិដ្ឋ បើទោះបីជាមើលពីសម្បកក្រៅទៅ ជាមនុស្សឆ្មើងឆ្មៃ គត់មត់ មិនចូលចិត្តនិយាយច្រើន ជាមនុស្សច្បាស់ការ តែចំពោះគេ លោកប្រុសធំម្នាក់នេះ គ្រាន់តែជាក្មេងដែលចូលចិត្តទាមទារចំណាប់អារម្មណ៍ ពូកែអន់ចិត្ត និងពូកែងរង៉ក់ប៉ុណ្ណោះ។ ហើយពេលនេះ ប្រសិនបើគេនិយាយថា មិននៅខាងគេ លោកប្រុសធំម្នាក់នេះ នឹងឈប់និយាយរកគេ ហើយទៅផ្ទះវិញជាមិនខានទេ ឬអាចថាទៅលួចយំនៅកន្លែងណាស្ងាត់តែម្នាក់ឯងទៀតក៏ថាបាន។ " ធ្វើម៉េចយើងអាចចោលឯងបានទៅ ប្រូ!?" ស៊ីវីល័យ យកដៃទៅច្របាច់ថ្ពាល់សង្ខាងរបស់ពិសិដ្ឋដូចជាកូនក្មេង។ អត្តចរិតរបស់ពិសិដ្ឋផ្លាស់ប្តូរទៅតាមមនុស្ស ហើយមានមនុស្សមិនច្រើនទេ ដែលអាចមានសំណាងមើលឃើញគេក្នុងរូបភាពបែបនេះ ជាមនុស្សទន់ភ្លន់ ជាកូនក្មេងទាមទារចំណាប់អារម្មណ៍។ មនុស្សគ្រប់គ្នាមើលឃើញគេជាមនុស្សរឹងមាំ និងហ្មត់ចត់ គ្មានបេះដូងក៏ថាបាន តែការពិតគេមានបេះដូងមួយដ៏កក់ក្តៅសម្រាប់មនុស្សដែលគេស្រលាញ់។

 " យើងយល់សប្តិឃើញមនុស្សស្រីម្នាក់ នាងធ្វើទារុណ្ឌកម្មយើងនៅ... គឺរបៀបនោះ! ដំបូងយើងមិនចូលចិត្តទេ តែយូរៗទៅ យើងក៏ចូលចិត្ត។ ប៉ុន្តែ យើងអាចយល់សប្តិបែបនេះម៉េចនឹងកើត? បើយើងមិនដែលទៅធ្វើអីជាមួយនរណាផងនោះ?" ពិសិដ្ឋ រៀបរាប់ប្រាប់ស៊ីវីល័យទាំងពិបាកពណ៌នាព្រោះសេចក្តីខ្មាសអៀន ប៉ុន្តែដោយសារគេជាមិត្តភក្តិជិតស្និទ្ធិទៅហើយ គេមិនអីទេ។ 

 " រឿងដែលគួរឲ្យខ្មាសនោះគឺ ឯងអាយុ២៧ឆ្នាំហើយ តែឯងនៅតែជាកម្លោះបរិសុទ្ធ ហាសៗៗ" ស៊ីវិល័យ សើចឮៗសម្លេងរបស់គេលាន់ឮដល់តុ២-៣នៅជិតនោះ។ ពិតមែនហើយ ពិសិដ្ឋ គេមិនដែលលាក់រឿងអីជាមួយនិងមិត្តសម្លាញ់របស់គេឡើយ។ ឃើញទឹកមុខពិសិដ្ឋមិនសូវល្អ ស៊ីវីល័យក៏ប្រែមកនិយាយប្តូរប្រធានបទវិញ៖ " អឺម... ចុះយ៉ាងម៉េចទៀត?"

ពិសិដ្ឋ ដែលកំពុងសម្លក់ ស៊ីវិល័យគ្រវីក្បាល។ គេដកដង្ហើមធំ ហើយលើកយកភេសជ្ជៈមកក្រេបទៀត រួចទើបស្រដី៖ " ​យើងមិនដឹងទេ ប្រហែលមកពីយើងគិតផ្តេសផ្តាសដោយខ្លួនឯង"

 " អេ៎ យ៉ាងម៉េចហើយ? ខឹងយើងហើយ? យើងគ្រាន់តែនិយាយលេងតើ! បើឯងពិតជានៅកម្លោះព្រហ្មចារីយ៍មែន...!" និយាយមិនទាន់ចប់ផង ពិសិដ្ឋ ក៏លើកដៃយកទៅខ្ទប់មាត់គេ។ ទាំងចិត្តគិតថា​ មិននឹកស្មានថាមិត្តភក្តិគេមាត់ឆ្កែអញ្ចឹងសោះ! រឿងសម្ងាត់របស់មិត្តភក្តិ ចេះមកនិយាយឮៗនៅកណ្តាលចំណោមមនុស្សអញ្ចឹងបានដែរ។

ពិសិដ្ឋ និយាយគម្រាមទាំងដៃកំពុងខ្ទប់មាត់របស់ស៊ីវិល័យ៖ " បើឯងមិនបិទមាត់ឆ្កែរបស់ឯងទេ យើងនឹងវាយឯងឲ្យបែកមាត់ជាមិនខាន!"។ បុរសដែលជាមិត្តងក់ក្បាលទាំងស្តាប់បង្គាប់។ ពិសិដ្ឋ ដកដៃចេញពីស៊ីវិល័យវិញ។

ស៊ីវិល័យនិយាយ៖ " ចិត្តក្តៅដូចជាឯងបែបនេះ មានស្រីណាគេហ៊ានស្រលាញ់ទៅអ្ហាស៎? សាយភីន អាចទ្រាំជាមួយឯងបានយើងសរសើរណាស់ហើយ!"

ពិសិដ្ឋ៖ " យើងមិនដែលធ្វើបែបនេះដាក់សាយភីនទេ!"

ស៊ីវិល័យ៖ " ឯងថាម៉េច? មិនដែលធ្វើស្អី?"

ពិសិដ្ឋ៖ " គឺយើងមិនដែលគំរោះគំរើយដាក់នាងនោះទេ!​ ព្រោះនាងជាមនុស្សល្អ មនុស្សល្អដែលយើងពិបាកនឹង... ហ្ហើយ! នាងជាមនុស្សល្អខ្លាំងណាស់! យើងគោរពនិងស្រលាញ់នាង"

ស៊ីវិល័យ៖ " គោរពនិងស្រលាញ់? ហ្ហើយ! យើងពិបាកស្មានចិត្តពួកឯងទាំងពីរណាស់! យើងសួរឯងមួយបានទេ?"

ពិសិដ្ឋ៖ " សួរមក"

ស៊ីវិល័យ៖ " បើមិនស្រលាញ់ឯងទាក់ទងគ្នារកងាប់ស្អី?!"

ពិសិដ្ឋ៖ " បិទមាត់ឆ្កែរបស់ឯងទៅ!"

ស៊ីវិល័យដកដង្ហើមធំ ហើយនិយាយរអ៊ូតិចៗម្នាក់ឯង៖ " មួយម៉ាត់ឆ្កែ! ពីរម៉ាត់ឆ្កែ! ចាំមើលពេលដែលឯងស្រវឹង ឯងទៅរកឆ្កែឬក៏មនុស្ស?!"។ 

ពិសិដ្ឋឃើញមិត្តភក្តិស្ងាត់បែបនេះក៏សួរ៖ " យ៉ាងម៉េច?​ លែងនិយាយរកយើងហើយ? "

ស៊ីវិល័យ៖ " បាទ! ឆ្កែកំពុងផ្ទៀងត្រចៀកស្តាប់!"

អ្នកទាំងពីរបន្តនិយាយពីរឿងក្នុងចិត្តប្រាប់គ្នាទៅវិញទៅមកទៀតរហូតដល់ពាក់កណ្តាលយប់។ សម្រាប់អ្នកដែលខូចចិត្តដូចពិសិដ្ឋ គេនិយាយបណ្តើរផឹករំសាយអារម្មណ៍ក្រៀមក្រំបណ្តើរ ឯ ស៊ីវីល័យ វិញ អង្គុយស្តាប់ដល់ងក់ក៏គេមិនរត់ចោលពួកម៉ាកដែរ។ ពេលយប់ឡើង អ្នកទាំងពីរស្រវឹងរៀងៗខ្លួន។ ភ្ញៀវពីហាងចេញស្ទើរតែអស់ទៅហើយ តែបុរសពីរនាក់នេះវិញ នៅស្រវឹងដូចវល់ដូចសម្លចាប់ឆាយអញ្ចឹង។ 

ពិសិដ្ឋ ឱបកស៊ីវីល័យ គេមានអារម្មណ៍ថា ផែនដីទាំងមូលនេះកំពុងដើរមិនត្រូវទិសទាល់តែសោះ មិនដឹងខាងណាលិចខាងណាកើត ឆ្វេងឬស្តាំទេ ដូច្នេះបង្គោលដែលគេអាចទប់ខ្លួនបានគឺមានតែមិត្តភក្តិគេម្នាក់ប៉ុណ្ណោះ។ " ស៊ីវីល័យ អ្ហា៎! អ្នកណាគេបង្កើតផែនដីអ្ហាស៎? ម៉េចក៏មិនដាក់វាឲ្យស្ងៀម ហេតុអីក៏ដាក់វាក្រឡាប់ចាក់អញ្ចឹង? យើងត្រូវតែទៅស្តីឲ្យជាងនោះម្តង!" សម្លេងគ្រងួរចេញមកពីចិត្តពិតរបស់ពិសិដ្ឋបន្លឺឡើងទៅប្រាប់ស៊ីវីល័យមិត្តរបស់ខ្លួនដែលកំពុងស្រវឹងដូចគ្នា។ ចំណែកឯស៊ីវីល័យវិញ មុខនិងករបស់គេឡើងពណ៌ក្រហមអស់ហើយ ភ្នែករបស់គេក៏បើកមិនចង់រួចដូចគ្នា តែដើម្បីមិត្តភក្តិគេក៏យកដៃទៅអង្អែលក្បាលពិសិដ្ឋហើយនិយាយ៖ " ឯងកុំបារម្ភអី! ចាំយើងទៅរកអាអ្នកបង្កើតផែនដីនេះឲ្យឯងឲ្យបាន!"។ 

" យើងងងុយដេកណាស៎ នាំយើងទៅដេក" ពិសិដ្ឋ និយាយចេញមកទាំងសម្លេងវែងអន្លាយទៅពួកម៉ាករបស់គេ។ អ្នកបម្រើដែលឃើញសភាពអ្នកទាំងពីរស្រវឹងដល់កម្រិតទទួលយកលែងបាន និយាយគ្នាលែងត្រូវហើយ គេក៏សមសួរនាំ៖ " លោក! តើលោកត្រូវការឲ្យពួកខ្ញុំតេហៅឡានជូនលោកទៅផ្ទះវិញទេ?"។ 

ស៊ីវីល័យ បែរសម្លឹងទៅអ្នកបម្រើទាំងក្រម៉ូវមុខ ហើយនិយាយ៖ " នរណាហ៊ានប៉ះពាល់មិត្តភក្តិខ្ញុំ ដឹងតែត្រូវរបស់ខ្ញុំហើយ!"។ គ្រាន់តែឮបែបនេះ អ្នកបម្រើក៏មិនហ៊ាននៅយូរ ហើយក៏នាំគ្នាដើរចេញវិញបាត់ទៅ។ ស៊ីវីល័យ ដែលកំពុងតែការពារមិត្តភក្តិរបស់គេដោយសេចក្តីក្លាហាន ទាំងការពិតខ្លួនឯងការពារមិនចង់បានផង។ «ឆ្កែល្អ! កុំខាំ!» សម្លេងក្រងួរៗរបស់ពិសិដ្ឋបន្លឺឡើងទៅកាន់មិត្តសម្លាប់របស់គេដែលបានដំឡើងសម្លេងទៅកាន់អ្នកបម្រើ។ ស៊ីវីល័យ ក៏ស្រដីទៅមិត្តភក្តិគេទាំងសម្លេងស្រវឹងនិយាយលែងច្បាស់អស់ទៅហើយ៖ " ឯងកុំបារម្ភអីណា៎ អាមិត្តភក្តិ! យើងឆ្លាតជាងឯង! ចាំពួកយើងនាំគ្នាទៅដេកពីរនាក់... ណា៎ នៅអាគារនេះទេ!" បុរសលើកសោរបន្ទប់បង្ហាញ ដែលមានបិតលេខ 69 នៅពីលើស្លាកជាប់សោរនោះ។ ការពិតថ្ងៃនេះ គេបានណាត់ជាមួយនិងសង្សាររបស់គេមកសណ្ឋាគារមួយនេះដើម្បីមានសេចក្តីសុខជាមួយគ្នា។ ប៉ុន្តែចៃដន្យ មិត្តភក្តិស្លាប់រស់របស់គេក៏តេមក ហើយចង់ជួបគេនិយាយរឿងក្នុងចិត្ត បុរសគិតថាវាមិនយូរប៉ុន្មាន គេក៏ណាត់មកជួបស្កាយបារនៅខាងលើនេះតែម្តង។ តែមិននឹកស្មានអី ពេលនេះវាពាក់កណ្តាលអាធ្រាតុទៅហើយ ហើយស្រីស្នេហ៍របស់គេក៏ពេលនេះមិនដឹងថាខឹងគេយ៉ាងណានោះទេ។ 

ស៊ីវីល័យលើកបង្ហាញសោរនោះទៅមិត្តភក្តិរបស់គេ ពិសិដ្ឋ វិញគ្មានអីក្រៅពីញញឹមទេ ព្រោះគេផឹកចំស្រារីករាយ ស៊ីវីល័យ៖ "អាមិត្តភក្តិសម្លាញ់! យើងមិនចោលឯងទេណា៎ តោះទៅដេក!" ថាហើយ គេក៏គ្រាពិសិដ្ឋឡើង។ អ្នកទាំងពីរដើរទៅជាមួយគ្នា ទាំងទ្រេតទ្រោតពេញផ្លូវ។ ពេលទៅដល់ជាន់ទីបី ស៊ីវីល័យ កាន់សោរដើររកលេខបន្ទប់។ ពេលរកឃើញហើយ នរៈសើចយ៉ាងសប្បាយចិត្ត ហើយបង្ហាញទៅកាន់មិត្តភក្តិគេដែលពេលនេះនិយាយអីលែងចេញហើយ៖ " នែ៎ យើងរកឃើញហើយ! អាសិដ្ឋ យើងឆ្លាតទេ? អ្ហាស៎? យើងឆ្លាតជាឯងឆ្ងាយណាស៎!"។

 បុរសក៏ចាក់សោរចូលទៅក្នុងបន្ទប់ពីរនាក់ ប៉ុន្តែវាជាការភ្ញាក់ផ្អើលសម្រាប់នារីម្នាក់ដែលជាសង្សារគេ នាងខំចាំគេអស់ពេលជាច្រើនម៉ោងទៅហើយ ព្រោះកាលពីពេលថ្ងៃ ស៊ីវីល័យ បានផ្ញើរជូនបាច់ផ្កាឲ្យនាងមួយបាច់ធំ ភ្ជាប់ជាមួយនិងសំបុត្រស្នេហា រួមទាំងសោរបន្ទប់នេះផងដែរ។ ពេលដែលចូលមកដល់បន្ទប់តាមការណាត់ហើយ នារីភ្ញាក់ផ្អើលជាខ្លាំងចំពោះការរៀបចំយ៉ាងស្រស់ស្អាត មានទាំងតុអាហារសម្រាប់ញ៉ាំស្រាជាមួយគ្នា ហើយមានស្រទាប់ផ្កាកុលាបរាយតាំងពីមាត់ទ្វាររហូតដល់លើគ្រែ ហើយរាបជារូបបេះដូងយ៉ាងស្អាត។ ប៉ុន្តែផ្ទុយទៅវិញ សង្សាររបស់នាងបែរជាខលមកប្រាប់ថា គេមានការសំខាន់ត្រូវធ្វើ ហើយឲ្យនាងរងចាំបន្តិច មកដល់ពេលនេះម៉ោង១រំលងអាធ្រាតុទៅហើយ គេបែរជាចូលមករកនាងជាមួយនិងមនុស្សប្រុសម្នាក់ផ្សេងទៀតទៅវិញ។

 នារីខឹងចិត្តជាខ្លាំង គេសម្លឹងមើលទៅបុរសទាំងហួសចិត្ត។ ចំណែកឯស៊ីវីល័យវិញ គេមិនបាន​ចាប់អារម្មណ៍ថាមានមនុស្សនៅខាងក្នុងឡើយ ហើយនិយាយទៅកាន់ពិសិដ្ឋ៖ " ពិសិដ្ឋអ្ហា៎ បើឯងជាមនុស្សស្រីវិញហា៎ យើងនឹងសុំឯងរៀបការជាមួយយើងតែម្តង ឯងដឹងទេ?" គេសួរទៅកាន់ពិសិដ្ឋធ្វើដូចពិសិដ្ឋនិយាយតបជាមួយគេបានអញ្ចឹង ទាំងពេលហ្នឹងបុរសសន្លប់បាត់ទៅហើយ គេមានតែជើងមួយគូសម្រាប់ដើរតាមស៊ីវីល័យប៉ុណ្ណោះ។ ពួកគេទាំងពីរផ្តួលខ្លួនដេកទៅលើគ្រែ នៅចំពោះមុខនារីដែលជាសង្សារខ្លួន។ 

ដោយខឹងចិត្តខ្លាំងពេល ពណ្ណរី ដែលជាសង្សារនិងស៊ីវីល័យ នាងក៏ដើរមកមើលគេ ទាំងស្តីឲ្យគេឮៗ «សែន ស៊ីវីល័យ! លោកនៅជាមនុស្សទេ? ណាត់ខ្ញុំមកទីនេះ ហើយនាំប្រុសមកដេកនៅចំពោះមុខខ្ញុំបែបនេះ តើលោកចង់មានន័យយ៉ាងណា?»។ 

សម្លេងស្រែកឮៗរបស់នាងធ្វើឲ្យបុរសសង្ហារ playboy ស៊ីវីល័យ បើកភ្នែកមកក្រោកអង្គុយសម្លឹងទៅនាង រួចនិយាយទាំងភ្នែកមើលមិនច្បាស់៖ " ស្រីឆ្កួត! ហេតុអីក៏មកស្រែកដាក់ខ្ញុំបែបនេះ? នាងមិនឃើញទេអ្ហេស៎ ថាអាសម្លាញ់ខ្ញុំម្នាក់នេះ វាកំពុងតែដេក វាងងុយដេក ដឹងនៅ? បើនាងធ្វើឲ្យវាភ្ញាក់ឡើងនោះ​គិតយ៉ាងម៉េច? អ្ហាស៎?" បុរសនិយាយទាំងយកដៃទៅទះមុខពិសិដ្ឋបង្ហាញនាងបណ្តើរ ពិសិដ្ឋ ប្រហែលគេមិនភ្ញាក់ដោយសារសម្លេងរបស់នាងទេ តែអាចនឹងភ្ញាក់ដោយសារមិត្តគេទះកំផ្លៀងក៏ថាបាន។ 

បុរសចង្អុរទៅមុខទ្វារ ហើយដេញនារីឲ្យចេញ៖ " ទៅ! ចេញទៅ! ហើយកុំឲ្យខ្ញុំឃើញមុខនាងទៀត!"។ 

ចំណែកឯនារីជាសង្សារ នាងមានអារម្មណ៍ថាអាម៉ាសមុខជាពន់ពេក ហើយក៏មិននឹកស្មានថា បុរសដែលខំតាមស្រលាញ់នាងរាប់ឆ្នាំ ជាមនុស្សបែបនេះសោះ! គេហ៊ានដេញនាងចេញពីបន្ទប់ ដែលគេជាអ្នកណាត់ឲ្យនាងមកជួបគេដោយខ្លួនឯង។ នារីរត់ចេញទៅក្រៅទាំងទឹកភ្នែក។

ស៊ីវីល័យ គេមិនដឹងថាខ្លួនគេបានកំពុងធ្វើអ្វីនោះទេ សតិសម្បជញ្ញៈរបស់គេស្ពឹកស្រពន់អស់ទៅហើយដោយអំណាចរបស់សូរា។ នរៈផ្តេកខ្លួនដេកទៅវិញ ហើយឱបពិសិដ្ឋជាប់និងដៃ។ គេឱនទៅថើបថ្ពាល់ដ៏ម៉ដ្ឋរលោងរបស់មិត្តភក្តិគេ ហើយនិយាយរងំម្នាក់ឯង៖ " គ្មាននរណាមករំខានពួកយើងទៀតទេ ពេលនេះ!"។ ពួកគេដេកនៅក្នុងសភាពបែបនេះពេញមួយយប់។

លុះពេលព្រឹកឡើងមកដល់ អ្នកទាំងពីរក៏ស្វាងអំណាចស្រារៀងៗខ្លួន។ ពិសិដ្ឋ បើកភ្នែកឡើងដោយមានអារម្មណ៍ធេងធោង ពន្លឺព្រះអាទិត្យដែលចាំងមកពីបង្អួចកញ្ចក់ធ្វើឲ្យភ្នែកគេបើកស្ទើមិនចង់រួចនោះទេ។ បុរសប្រុងងើបឡើង ប៉ុន្តែក៏ឃើញថា ស៊ីវីល័យ កំពុងឱបគេជាប់ដូចតុកកែ ពិសិដ្ឋ ក៏ដេកទៅវិញ ហើយសម្លឹងមើលមុខមិត្តភក្តិរបស់គេ។ ពេលដែលបានឃើញរង្វង់មុខមិត្តភក្តិគេម្តងៗ គេមានអារម្មណ៍ថាសំណាងណាស់ ដែលមានមនុស្សម្នាក់ដែលយល់ពីគេ និងមិនដែលបោះបង់គេនៅពេលដែលគេត្រូវការ ហើយតស៊ូដើរផ្លូវជាមួយគ្នារហូតមិនទៅណា។ គេជាមនុស្សម្នាក់ដ៏សំខាន់ក្នុងជីវិតរបស់លោកប្រុសធំសែម ពិសិដ្ឋម្នាក់នេះណាស់។ នរៈយកដៃទៅលែងសក់របស់ស៊ីវីល័យដែលលាបចេញពណ៌ត្នោតយ៉ាងស្រស់ស្អាតស៊ីជាមួយនិងម៉ូតសក់ដែលគេទើបតែកាត់ថ្មី ចំណែកឯរង្វង់មុខរបស់គេ​ក៏ដូចគ្នា គឺសក្តិសមនិងឈ្មោះឥតខ្ចោះ។ ខណៈពេលដែលកំពុងពិចារណាមិត្ត ស៊ីវីល័យក៏ដឹងខ្លួនមកដំណាលគ្នា។ បុរសបែរមើលជុំវិញខ្លួនបន្តិច ហើយក៏ដាក់ដៃទៅឱបពិសិដ្ឋបន្តទៀត ស្រាប់តែពេលនោះ គេក៏នឹកឃើញដល់រឿងមួយភ្លាម។ បុរសស្ទុះភ្ញាក់ឡើង ហើយស្រែកឡើងទាំងឈឺចិត្ត៖ " ពណ្ណរី!!" ទឹកមុខរបស់គេប្រែពីសង្ហារមកជាគួរឲ្យចង់សើច បុរសមានអារម្មណ៍ថា ជីវិតរបស់គេដូចជាត្រូវបញ្ចប់អញ្ចឹង គ្មានសល់អ្វីទៀតនោះទេ! មនុស្សស្រីម្នាក់ដែលគេចំណាយទន់តាមញ៉ែរាប់ឆ្នាំ បែរជាត្រូវបញ្ចប់ត្រឹមតែមួយយប់៕

﹏♥ « « « ❀ » » » ✿ « « « §❀§ » » » ✿ « « « ❀ » » » ♥﹏

More Chapters